ម៉ោងធ្វើការ ​ព្រឹក ៧.៣០នាទី ~ ១២.០០នាទី & ​រសៀល ២.០០នាទី ~ ៥.៣០នាទី ៦៧៨៩ (Hotline) / (៨៥៥)​២៣​ ៧២២ ៣៣៣

info@trc.gov.kh

សុន្ទរកថារបស់ប្រធាននិយ័តករ

សុន្ទរកថា
ឯកឧត្ដម ថោង ចិន្ដា
 
ក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និយ័តករទូរគមនាគមន៍កម្ពុជា

ឯកឧត្ដមរដ្ឋមន្រ្ដី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាទីគោរព
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាទីមេត្រី

ថ្ងៃនេះខ្ញុំបាទ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់នៃនិយ័តករទូរគមនាគមន៍កម្ពុជា មានកិត្ដិយសដ៏ឧត្ដុងឧត្ដម ដោយបានទទួលបដិសណ្ឋារកិច្ច ឯកឧត្ដមរដ្ឋមន្រ្តី ដែលបានអញ្ជើញជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ក្នុងពិធីផ្ទេរតំណែងប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។ ខ្ញុំបាទ សូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមរដ្ឋមន្រ្ដី និងរាជរដ្ឋាភិបាល ដែលបានផ្ដល់សេចក្ដីទុកចិត្ដ និងឱកាសដល់រូបខ្ញុំបាទបាន បំពេញបេសកកម្ម ដែលមានអត្ថន័យជាប្រវត្ដិសាស្រ្ដនេះ។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្ដម ម៉ូវ​ ចរិយា ថ្នាក់ដឹកនាំមន្រ្ដីរាជការ និងបុគ្គលិកទាំងអស់នៃនិយ័តករទូរគមនាគមន៍កម្ពុជា ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លូនឈានទៅសម្រេចបានសមិទ្ធិផលជាច្រើន គួរឱ្យកត់សម្គាល់។

ក្នុងនាមជាប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដែលទើបបានទទួលការតែងតាំង ខ្ញុំបាទសូមប្ដេជ្ញាចិត្ដខ្ពស់ ចូលរួមអនុវត្ដឱ្យបានជោគជ័យនូវគោលនយោបាយកែទម្រង់ ដែលមិនរារែក និងមិនរាយថយ ប្រកាន់ខ្ជាប់ សិល្បៈដឹកនាំទន់ភ្លន់តែម៉ឺងម៉ាត់ ប្រកបដោយថាមពលរស់រវើករបស់ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏ដូចជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ការប្រកួតប្រជែងស្មោះត្រង់។ ខ្ញុំបាទសូមដាក់ចេញនូវការងារ អាទិភាពមួយចំនួន ដើម្បីអនុវត្ដដូចតទៅ៖
១. ធ្វើឱ្យមានរបៀបរៀបរយ ក្នុងការគ្រប់គ្រងប្រតិបត្ដិករទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់
និងបន្ដជំរុញការធ្វើទំនើបកម្មវិស័យទូរគមនាគមន៍ ដើម្បីបំពេញតម្រូវការនៃកំណើនការប្រើប្រាស់ ស្របតាមការរីកចម្រើនរបស់សេដ្ឋកិច្ច
២. បង្កើតប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យទូរគមនាគមន៍
៣. ពង្រឹងការធ្វើនិយ័តកម្ម និងការគ្រប់គ្រងរបបអាជ្ញាបណ្ណក្នុងវិស័យទូរគមនាគមន៍
៤. ពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងគុណភាពសេវាសម្រាប់អ្នកប្រើប្រាស់
៥. ជំរុញការប្រកួតប្រជែងដោយស្របច្បាប់ ស្មោះត្រង់ សេរី ស្មើភាព និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងពង្រឹងការការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍
៦. ពង្រឹងការគ្រប់គ្រងរដ្ឋបាលរបស់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញមុខងាររបស់ខ្លួន និងសន្សំសំចៃថវិការរបស់ជាតិក្នុងកម្រិត
អតិបរមាបំផុត ដោយបន្ដ និងបំពាក់បំប៉នស្មារតីសាមគ្គីជាធ្លុងនៃមហាគ្រួសារតែមួយ
៧. លើកកម្ពស់ការពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិកជាប់កិច្ចសន្យានៃនិយ័តការទូរគមនាគមន៍កម្ពុជា ឱ្យស្របទៅតាមសភាពការណ៍អភិវឌ្ឍនៃវិស័យ
ទូរគមនាគមន៍នេះដោយពង្រឹងភាពជាដៃគូស្មើមុខជាមួយបណ្ដាសហគមន៍និយ័តករអន្ដរជាតិនានា។

ជាទីបញ្ចប់ ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំ សព្វសាធុការពរ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូនដល់ ឯកឧត្ដមរដ្ឋមន្រ្ដី និងសូមជូនពរដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ ដែលមានវត្ដមាននៅទីនេះ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារនិងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!