Skip Navigation
សេចក្តីជូនដំណឹងស្តីពី ការផ្សាយពាណិជ្ជកម្មនិងការដំណើរការសេវាទូរគមនាគមន៍ខុសពីការអនុញ្ញាតជាគោលការណ៍និងបានធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់
សេចក្តីជូនដំណឹងស្តីពី ការផ្សាយពាណិជ្ជកម្មនិងការដំណើរការសេវាទូរគមនាគមន៍ខុសពីការអនុញ្ញាតជាគោលការណ៍និងបានធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់

សេចក្តីជូនដំណឹងស្តីពី ការផ្សាយពាណិជ្ជកម្មនិងការដំណើរការសេវាទូរគមនាគមន៍ខុសពីការអនុញ្ញាតជាគោលការណ៍និងបានធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក ន.ទ.ក. បានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ផ្សព្វផ្សាយពាណិជ្ជកម្ម និងដាក់ដំណើរការសេវាទូរគមនាគមន៍ជាបន្ដបន្ទាប់ ហើយ ន.ទ.ក. បាននិងកំពុងពិនិត្យពាក្យស្នើសុំអនុញ្ញាតឃោសនាពាណិជ្ជកម្មមួយចំនួនផ្សេងទៀតរបស់ក្រុមហ៊ុននេះផងដែរ។ ដោយឡែក កាលពីសប្ដាហ៍មុន ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីនៃការផ្ដល់សេវាទូរគមនាគមន៍មួយចំនួនមិនស្របតាមលក្ខខណ្ឌមានកំណត់ក្នុងលិខិតអនុញ្ញាត និងបានធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ ដូចខាងក្រោម៖

  1. ការសន្សំពិន្ទុ SmartVIP ពីកម្មវីធី SmartVIP Point និងកម្មវិធី SmartNas Gamification ដើម្បីប្ដូរយករង្វាន់ អ្នកប្រើប្រាស់ជាច្រើនបានត្អូញត្អែរតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនអំពីការយកពិន្ទុ SmartVIP ដែលសន្សំបានទៅប្ដូរយករង្វាន់មិនបាន ដោយសារតែរង្វាន់មិនមានក្នុងស្ដុក ស្របពេលសុពលភាពនៃពិន្ទុ SmartVIP នឹងត្រូវផុតកំណត់ ហើយបានកាត់ចេញជាបន្ដបន្ទាប់។ ផ្ទុយទៅវិញ ក្រុមហ៊ុនតែងតែឆ្លើយតប រង្វាន់នឹងមាននៅក្នុងស្តុកឆាប់ៗ។ ការណ៍នេះ បណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អត្ថប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ទាំងនោះ និងជាការអនុវត្តរបស់ក្រុមហ៊ុន ផ្ទុយពីការអនុញ្ញាតរបស់ ន.ទ.ក.។
  2. ការផ្លាស់ប្ដូរពីការបន្ថែមសុពលភាព រយៈពេល ៥ (ប្រាំ)ថ្ងៃ ទៅជាការបន្ថែមទឹកប្រាក់ក្នុងតម្លៃប៉ាន់ស្មាន ផ្អែកតាមប្រភេទនៃកញ្ចប់គម្រោងនីមួយៗនៃគម្រោង Smart@Home និង Smart Fiber+ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរពីបន្ថែមសុពលភាព រយៈពេល ៥ (ប្រាំ)ថ្ងៃ ទៅជាការបន្ថែមទឹកប្រាក់ ក្នុងតម្លៃប៉ាន់ស្មាន ផ្អែកតាមប្រភេទនៃកញ្ចប់គម្រោងនីមួយៗនៃគម្រោង Smart@Home និង Smart Fiber+ ជូនអ្នកប្រើប្រាស់ រហូតដល់ចំនួន ៤២,០០៩ (បួនម៉ឺនពីរពាន់ប្រាំបួន) នាក់ បើទោះបីជា ក្រុមហ៊ុនបានដឹងថា ការផ្លាស់ប្ដូរនេះខុសពីការអនុញ្ញាតរបស់ ន.ទ.ក. និងដោយគ្មានការអនុញ្ញាតជាមុនពី ន.ទ.ក.។ ការណ៍នេះ បង្ហាញឱ្យឃើញថា ក្រុមហ៊ុននៅបន្ដមានចេតនារំលោភបំពានបទប្បញ្ញត្តិជាធរមាន និងការអនុញ្ញាតរបស់ ន.ទ.ក. បើទោះបីជាក្រុមហ៊ុនបានទទួលរងការផាកពិន័យនិងការចាត់វីធានការជាបន្ដបន្ទាប់ក្ដី។

ក្នុងនាមជាស្ថាប័នមានសមត្ថកិច្ចក្នុងវិស័យទូរគមនាគមន៍ ន.ទ.ក. បានចាត់វិធានការផាកពិន័យ និងវីធានការនានា ចំពោះក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី លើករណីដូចបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ ន.ទ.ក. នឹងបន្តអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សំដៅធានាបាននូវបរិយាកាសប្រកួតប្រជែងដោយស្មើភាពនិងសុចរិត និងការការពារសិទ្ធិស្របច្បាប់របស់អ្នកប្រើប្រាស់ ដោយគ្មានការលើកលែងនិងរើសអើង ចំពោះក្រុមហ៊ុនណាមួយដែលបានប្រព្រឹត្តខុសឡើយ។

ជាមួយគ្នា ដើម្បីចូលរួមទប់ស្កាត់រាល់សកម្មភាពមិនប្រក្រតីក្នុងការផ្ដល់សេវាទូរស័ព្ទចល័ត ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ទាំងអស់ រាយការណ៍មក ន.ទ.ក. តាមលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ទ.ក. “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia” ក្នុងករណីមានភាពមិនប្រក្រតីណាមួយក្នុងការផ្ដល់សេវាទូរគមនាគមន៍ជូនអ្នកប្រើប្រាស់។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

photo 1 photo 2 photo 3