សេចក្ដីជូនដំណឹងស្ដីពីភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងពេលថ្មីៗនេះ តាមរយៈបណ្ដឹងតវ៉ាពីអ្នកប្រើប្រាស់ ន.ទ.ក. បានរកឃើញភាពមិនប្រក្រតីរបស់ប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនពាក់ព័ន្ធនឹងការផ្ញើសារខ្លីជូនដំណឹងទៅកាន់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ដែលបានធ្វើឱ្យមានការភាន់ច្រឡំដល់អ្នកប្រើប្រាស់ទាំងនោះ ដូចខាងក្រោម៖
- ការតម្រូវ និង/ឬជំរុញឱ្យអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ក្នុងគណនីគោល ដើម្បីអាចបន្ដសុពលភាពគណនីគោលឬគម្រោងឬសេវាកម្មផ្សេងៗ ខណៈពេលដែលគណនីគោលឬគម្រោងឬសេវាកម្មរួមទាំងទិន្នន័យអ៉ីនធឺណិត កំពុងមានសុពលភាពនៅឡើយ។
- ការផ្ញើសារខ្លីទៅលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់មានភាពយឺតយ៉ាវពាក់ព័ន្ធនឹងព័ត៌មានអំពីគម្រោងឬសេវាកម្មនានា និង/ឬរយៈពេលសុពលភាពនៃគម្រោងឬសេវាកម្ម បន្ទាប់ពីអ្នកប្រើប្រាស់បានបញ្ចូលទឹកប្រាក់ក្នុងគណនីគោល និង/ឬបានបន្ដឡើងវិញដោយជោគជ័យនូវគម្រោងឬសេវាកម្ម។
- ការផ្ញើសារខ្លីបញ្ជាក់សុពលភាពឬលក្ខខណ្ឌនានានៃការប្រើប្រាស់គម្រោង និង/ឬសេវាកម្មណាមួយ ខណៈពេលដែលអ្នកប្រើប្រាស់ពុំធ្លាប់បានភ្ជាប់ការប្រើប្រាស់គម្រោងឬសេវាកម្មនោះពីមុនសោះឡើយ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតីពាក់ព័ន្ធនឹងការផ្ដល់សេវាទូរស័ព្ទចល័តនិងការផ្ញើសារខ្លីដែលមានខ្លឹមសារដូចខាងលើ ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍មក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈហ្វេសប៊ុក “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia”។
ន.ទ.ក. នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុត ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។
