Skip Navigation
សេចក្តីដូនដំណឹង ស្តីពី ករណីក្រុមហ៊ុន វៀតធេល (ខេមបូឌា) លក់ស៊ីមទូរស័ព្ទចល័ត ដោយពុំទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន
សេចក្តីដូនដំណឹង ស្តីពី ករណីក្រុមហ៊ុន វៀតធេល (ខេមបូឌា) លក់ស៊ីមទូរស័ព្ទចល័ត ដោយពុំទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន

សេចក្តីដូនដំណឹង ស្តីពី ករណីក្រុមហ៊ុន វៀតធេល (ខេមបូឌា) លក់ស៊ីមទូរស័ព្ទចល័ត ដោយពុំទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនថា ន.ទ.ក. បានទទួលបណ្តឹងពីអ្នកប្រើប្រាស់ករណីអត្តសញ្ញាណប័ណ្ណរបស់គាត់ត្រូវបានជនអនាមិកយកទៅចុះឈ្មោះប្រើប្រាស់ស៊ីមទូរស័ព្ទចល័តចំនួនបីលេខរបស់ក្រុមហ៊ុន វៀតធេល (ខេមបូឌា)។ ជាលទ្ធផល លេខមួយក្នុងចំណោមលេខទាំងបីត្រូវបានជនទុច្ចរិតយកទៅប្រើប្រាស់ប្រព្រឹត្តអំពើឆបោកប្រាក់ ហើយម្ចាស់អត្តសញ្ញាណប័ណ្ណបានក្លាយជាជនពាក់ព័ន្ធនឹងករណីនេះដោយពុំដឹងខ្លួន។ បន្ទាប់ពី ធ្វើការស្រាវជ្រាវ ន.ទ.ក. រកឃើញថា ករណីនេះ កើតឡើងដោយសារការធ្វេសប្រហែសរបស់ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ដែលខកខានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានពាក់ព័ន្ធនឹងការលក់ស៊ីម។ តាមរយៈភស្តុតាងដែលប្រមូលបានគឺនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ អ្នកប្រើប្រាស់កំពុងរស់នៅភូមិជើងទឹក ឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ដែលផ្ទុយនឹងព័ត៌មានដែលក្រុមហ៊ុន វៀតធេល (ខេមបូឌា) ផ្តល់មក ន.ទ.ក. ថានៅថ្ងៃនោះអ្នកប្រើប្រាស់បានមកទិញស៊ីមទូរស័ព្ទចល័តពីហាងមួយកន្លែងនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការរកឃើញនូវកំហុសរបស់ក្រុមហ៊ុន វៀតធេល (ខេមបូឌា) ខាងលើត្រូវបានឈានទៅដល់ការចាត់វិធានការពិន័យក្រុមហ៊ុនស្របតាមបទប្បញ្ញត្តិជាធរមាន។

ជារឿយៗ ន.ទ.ក. តែងតែណែនាំក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ អំពីការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីម ដោយតម្រូវឱ្យទទួលយកឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវជាមុនទើបអាចធ្វើការបើកឱ្យដំណើរការសេវាបានពីព្រោះរាល់ការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីមដោយពុំមានឯកសារសម្គាល់ អត្តសញ្ញាណត្រឹមត្រូវជាអំពើទុច្ចរិត ដែលត្រូវទទួលខុសត្រូវនិងប្រឈមចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ដើម្បីចូលរួមទប់ស្កាត់និងបញ្ចៀសស្ថានភាពអប្រក្រតីដូចខាងលើនិងលើកម្ពស់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ន.ទ.ក. សូមអំពាវនាវដល់សាធារណជនចូលរួមរាយការណ៍មក ន.ទ.ក. ក្នុងករណីដឹងឬសង្ស័យអំពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីម។ សូមមេត្តាទាក់ទងមក ន.ទ.ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល [email protected] ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ន.ទ.ក. “និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia”។ ន.ទ.ក. នឹងរក្សាការសម្ងាត់ជូន។

photo 1