សេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រតិបត្តិករទាំង ៣ រួមមានក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក, ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី និងក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានសម្រេចលទ្ធផល គួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖
-
ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦៧៤ នៅតាមតំបន់ គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ, ខេត្តកណ្ដាល, ខេត្តកែប, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តស្វាយរៀង និងខេត្តសៀមរាប។
-
ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តជាច្រើន រួមមាន ខេត្តក្រចេះ ខេត្តកណ្ដាល ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តតាកែវ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តមណ្ឌលគីរី, ខេត្តរតនគិរី, ខេត្តស្វាយរៀង, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យ, ខេត្តកែប, ខេត្តត្បូងឃ្មុំ, ខេត្តព្រះវិហារ និងខេត្តប៉ៃលិន។
-
ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩ នៅតាមតំបន់គោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ (បញ្ជីទីតាំងស្ថានីយអង់តែនដែលអាចប្រើប្រាស់សេវា 5G មានជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ)
បច្ចុប្បន្ន ប្រតិបត្តិករទាំង ៣ កំពុងពន្លឿនការផ្តល់សេវា 5G យ៉ាងសកម្ម ដោយផ្តោតសំខាន់លើសេវាអ៊ីនធឺណិតល្បឿនលឿនសម្រាប់ទាំងអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត និងគេហដ្ឋាន (5G Home Broadband) ព្រមទាំងផ្តល់បទពិសោធន៍កម្សាន្តកម្រិតខ្ពស់ និងដំណោះស្រាយបច្ចេកវិទ្យាសម្រាប់សហគ្រាស និងការតភ្ជាប់កម្រិតបញ្ជូនខ្ពស់ (High Bandwidth) សម្រាប់អាជីវកម្មឌីជីថល និងពង្រីកសេវាគ្របដណ្តប់ 4G បន្ថែមទៀត ដែលការណ៍នេះនឹងជំរុញឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
ទន្ទឹមនឹងវឌ្ឍនភាពនេះ ន.ទ.ក. នឹងបន្តជំរុញប្រតិបត្តិករទាំងអស់ ក្នុងកិច្ចសហការសាងសង់ស្ថានីយអង់តែន 5G ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីធានាឱ្យបាននូវវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ន.ទ.ក. ក៏នឹងបន្តតាមដាននិងជំរុញការពង្រឹងគុណភាពសេវា 4G ឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកធានាឱ្យបាននូវការតភ្ជាប់ដែលមានស្ថិរភាពនិងប្រសិទ្ធភាពខ្ពស់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។
